កិច្ចប្រជុំប្រចាំខែសីហា
នាព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក សេង ប៊ុនវីរៈ ប្រធានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា (CICAA) បានដឹកនាំ កិច្ចប្រជុំប្រចាំខែសីហា នៅភោជនីយដ្ឋានខ្មែរ-ឡាវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា និងភ្ញៀវកិត្តិយសមកពីបណ្តាក្រុមហ៊ុននានា សរុបប្រមាណ ៣០រូប។ កិច្ចប្រជុំបានផ្តោតលើការពិនិត្យវឌ្ឍនភាព លទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់ខែបន្ទាប់។ អ្នកចូលរួមក៏បានចែករំលែក និងណែនាំដោយសង្ខេបអំពីក្រុមហ៊ុន ផលិតផល និងសេវាកម្មរបស់ខ្លួន ដើម្បីពង្រឹងបណ្តាញ និងឱកាសកិច្ចសហប្រតិបត្តិការ។ ក្នុងឱកាសនេះ ការិយាល័យមេធាវី ផាន់ & ខប (Phan & Corp Law Office) សហការជាមួយ CICAA បានរៀបចំ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពី «ច្បាប់ស្តីពីការងារ» ដែលធ្វើបទបង្ហាញដោយ លោកមេធាវី ផាន់ ច័ន្ទវណ្ឌី ស្ថាបនិក និងជាប្រធានមេធាវី នៃការិយាល័យមេធាវី ផាន់ & ខប។
វគ្គបណ្តុះបណ្តាលបានផ្តោតលើ៖
- ដែនអនុវត្តនៃច្បាប់ការងារ
- ប្រភេទកិច្ចសន្យាការងារ (FDC & UDC)
- ហានិភ័យក្នុងបរិបទការងារ
- យុទ្ធសាស្ត្រគ្រប់គ្រង និងកាត់បន្ថយហានិភ័យ
- ការអនុលោមតាមច្បាប់ការងារក្នុងអាជីវកម្ម
កម្មវិធីនេះបានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបង្កើតទំនាក់ទំនងអាជីវកម្មថ្មីៗ ក្នុងបរិយាកាសប្រកបដោយសាមគ្គីភាព និងភាតរភាព។

