ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក កាមីល ពិកាល់ ប្រធានផ្នែកអភិវឌ្ឍន៍នៃស្ថានទូតសាធារណរដ្ឋឆែកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
លោក សេង ប៊ុនវីរៈ ប្រធានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា បានចូលរួមជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក កាមីល ពិកាល់ ប្រធានផ្នែកអភិវឌ្ឍន៍នៃស្ថានទូតសាធារណរដ្ឋឆែកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបានធ្វើបទបង្ហាញជំនួសអ្នកស្រី ANDREA HYNIOVA សហគ្រិនឯកទេសផ្នែកអំពូលដេគ័រ និងកញ្ចក់ពណ៌ មកពីសាធារណរដ្ឋឆែក ក្រោមអធិបតីភាព ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈស្ថាបត្យករកម្ពុជា។ កិច្ចជំនួបនេះមានគោលបំណងផ្សព្វផ្សាយអំពីផលិតផលក្រុមហ៊ុនគ្រឿងលម្អអំពូលដេគ័រធ្វើអំពីគ្រីស្តាល់ដ៏ល្អប្រណិត មកពីសាធារណរដ្ឋឆែក និងបានពិភាក្សាគ្រោងធ្វើកិច្ចសហប្រតិបត្តិការជាមួយគណៈស្ថាបត្យករកម្ពុជា ព្រមទាំងជាមួយបណ្តាស្ថាបត្យករក្នុងប្រទេសកម្ពុជា ទាំងក្នុងវិស័យរដ្ឋ សមាគម និងក្រុមហ៊ុនឯកជន ព្រមទាំងស្ថាបត្យកររូបវន្តបុគ្គលសិក្សាគម្រោងប្លង់ទៅលើគ្រឿងលម្អស្ថាបត្យកម្មដូចជាអំពូលដេគ័រ និងកញ្ចក់ពណ៌។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំសមាគមស្ថាបត្យករខ្មែរ សមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា សមាគមស្ថាបត្យករអង្គរ ស្ថាបត្យករអាស៊ាន និងសមាជិកគណៈស្ថាបត្យករកម្ពុជា។
ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥

